Friday, November 11, 2016

គោលការណ៍ទូទៅនៃនីតិព្រហ្មទណ្ឌដែលមានក្នុងច្បាប់ចាស់ (General Provision of Criminal Code)

               គោលការណ៍ទូទៅនៃនីតិព្រហ្មទណ្ឌ

                      General Provision of Criminal Code


សេចក្តីផ្តើម

ជាទូទៅប្រទេស ឬរដ្ឋណាក៏ដោយមិនថាប្រកាន់យករបបនយោបាយណាមួយនោះទេ។ ទោះបី​ប្រទេស​សេរីនិយម ឬក៏ប្រទេសសង្គមនិយមក៏ដោយដើម្បីនាធាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់​របៀប​រៀប​រយសង្គម ឲ្យបានល្អនោះគេទាមទារឲ្យមាននីតិសំរាប់គ្រប់គ្រង ហើយនីតិដែលដើរតួចំបងក្នុ​ង​ការរៀប​ចំរៀបរយសណ្តាប់ធ្នាប់សង្គមនោះ គឺ “នីតិព្រហ្មទណ្ឌ

I.និមយន័យ

នីតិព្រហ្មទណ្ឌ គឺជានីតិមួយប្រភេទ ដែលប្រទេសនានាមិនអាចខ្វះបានទ្បើយ ទោះបីជា​ប្រទេស​នោះមានបូរណភាពដែនដីទូលំទូលាយក្តី ឬតូចតាចក្តី។នីតិព្រហ្មទណ្ឌ រួមចំណែក​បង្ករ​ឲ្យមាន​ស្ថាន​ភាពអំណោយផលនានា ដើម្បីធានាទំនាក់ទំនងសង្គមឲ្យមានការរីកចំរើនព្រមទាំងការពារ​រាល់​ទំនាក់ទំនង​​ទាំងនេះឲ្យរួចផុត ពីភាពមហន្តរាយ និងភាព​អនាធិបតេយ្យ​ដែលបង្ក​ទ្បើងដោយ​ជនល្មើស។ ទំនាក់ទំនងដែលនីតិព្រហ្មទណ្ឌបានការពារនោះគឺសិទ្ធិ និងការតព្វកិច្ចស្របច្បាប់​របស់ប្រជា​ពលរដ្ឋ។
            
នីតិព្រហ្មទណ្ឌជាផ្នែកមួយនៃនីតិ វាចងក្រងរាល់បទបញ្ញាត្តិ និងវិធាននានាក្នុងគោលបំណង៖ នីតិព្រហ្មទណ្ឌ ជាសំណុំវិធានទាំងទ្បាយណា ដែលតំរងទិសទៅរកការផ្តន្ទាទោស ជនល្មើសចំពោះអំពើដែលបង្ករគ្រោះថ្នាក់ដល់សង្គម។ គេអាចឲ្យនិមយន័យម្យ៉ាងទៀតថា ជាសំណុំវិធានទាំងទ្បាយដែលកំណត់អំពីទោសនិងបទល្មើស ហើយគេអាចហៅបានម្យ៉ាងទៀតថា នីតិព្រហ្មទណ្ឌ គឺឈរលើមូលដ្ឋាន នៃការកំណត់បទល្មើស មានន័យថា នៅពេលបំពារបំពានធ្ងន់ធ្ងរចំពោះនីតិព្រហ្មទណ្ឌនេះ ទោសធ្ងន់ជាងគេគឺ ទោសឧក្រិដ្ឋ

IIប្រភេទនៃនីតិព្រហ្មទណ្ឌ

ជាទូទៅនីតិត្រូវបានគេចែកជាពីរ ផ្នែកធំៗ គឺ៖

នីតិសាធារណៈ

សំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីដំណើរការប្រព្រឹត្ត របស់រដ្ឋ ព្រមទាំងកំណត់អំពីទំនាក់​ទំនងរវាងរដ្ឋ ជាមួយភ្នាក់ងាររដ្ឋ និងកំណត់អំពីទំនាក់ទំនងរវាងរដ្ឋ ជាមួយនឹងបុគ្គលឯកជន​ផងដែរ។

តាមនិយមន័យខាងលើ យើងអាចកំណត់បានថា ក្នុងទំនាក់ទំនងនៃនីតិសាធារណៈ​នេះដាច់​ខាត​ត្រូវមានភាគីម្ខាងជារដ្ឋ។ នីតិសាធារណៈនេះត្រូវបានគេបែងចែក ជានីតិផ្សេងៗទៀតដូចតទៅ៖
 
នីតិរដ្ឋធម្មនុញ្ញ
       
ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីដំណើរការប្រព្រឹត្តទៅនៃអង្គការរដ្ឋ។ ឧទាហរណ៍ៈ ដំណើរការប្រព្រឹត្តទៅនៃរដ្ឋាភិបាល ,ដំណើរការប្រព្រឹត្តទៅរបស់ព្រឺទ្ធសភា របស់រដ្ឋសភា និងរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។
            
នីតិរដ្ឋបាល
            
ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីការប្រព្រឹត្តទៅរបស់រាជការ និងកំណត់អំពីទំនាក់​ទំនង​រវាងរាជការ ជាមួយអ្នកនៅក្រោមឱវាទ ឬអ្នកដែលត្រូវគេគ្រប់គ្រង។ ឧទាហរណ៍ៈ ក្រសួង​គ្រងគ្រង​លើការងាររបស់មន្ត្រីរាជការនៅក្រោមខ្សែបណ្តោយរបស់ខ្លួន ,​នាយករដ្ឋមន្ត្រីគ្រប់គ្រង​ការងារ​របស់​ក្រសួងនានា ។ល។
            
នីតិព្រហ្មទណ្ឌ
            
ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីការដាក់ទោសទណ្ឌចំពោះអ្នកមិនគោរ​ព​ច្បាប់​នេះ។ ឧទាហរណ៍ៈ ជនសំលាប់គេ ត្រូវដាក់ពន្ធនាគារជនដែលមិនគោរពច្បាប់ចរាចរណ៍ ត្រូវបាន​ផាកពិន័យ។
            
នីតិសារពើពន្ធ
            
ជាសំណុំវិធានទាំងទ្បាយណាដែលទាក់ទងទៅនឹងការកំណត់ និងទាក់ទងទៅនឹង​ការប្រមូល​ពន្ធ។ ឧទាហរណ៍ៈ ការបង់ពន្ធដារ , ពន្ធលើប្រាក់ចំណេញ.........
            
នីតិឯកជន
            
ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីទំនាក់ទំនងរវាងឯកជននិងឯកជន។
            
តាមន័យខាងលើនេះយើងអាចសន្និដ្ឋានបានថានៅក្នុងនីតិឯកជននេះភាគីទាំងសងខាង សុទ្ធ​សឹង​​តែជា បុគ្គលឯកជនទាំងអស់ គ្មានភាគីណាមួយជាស្ថាប័នរដ្ឋទ្បើយ។ នីតិឯកជននេះត្រូវបាន​បែង​ចែក​ជាច្រើនប្រភេទផ្សេងៗគ្នាដូចតទៅ៖
            
នីតិរដ្ឋប្បវេណី
            
ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីទំនាក់ទំនងរវាងឯកជននិងឯកជនផងគ្នា។ ឧទាហរណ៍ៈ ការទិញលក់ , ការរៀបអាពាហ៍ពិពាហ៍ , ការខ្ចីបំណុល.........
            
នីតិពាណិជ្ជកម្ម
            
ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីទំនាក់ទំនងរវាងពាណិជ្ជករ និងពាណិជ្ជករ។ ឧទាហរណ៍ៈ ការលក់ដូររវាងក្រុមហ៊ុនមួយជាមួយក្រុមហ៊ុនមួយទៀត ការលក់មូលនិធិពាណិជកម្ម។
            
នីតិការងារ
            
ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីទំនាក់ទំនងរវាងនិយោជក “អ្នកគ្រប់គ្រង”  និង​និយោជិក “អ្នកស៊ីប្រាក់ខែ
            
នីតិសន្តិសុខសង្គម ឬនីតិសង្គមកិច្ច
            
ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីទំនាក់ទំនងរវាងសន្តិសុខសង្គម ជាមួយអ្នកដែល​ត្រូវ​គេរ៉ាប់រង។ ឧទាហរណ៍ៈ គ្រោះថ្នាក់ការងារ , អ្នកដែលធ្វើការនៅកន្លែង​ដែលប៉ះពាល់​ដល់​សុខភាព............
            
តាមប្រព័ន្ធនីតិខាងលើ យើងសង្កេតឃើញថា នីតិព្រហ្មទណ្ឌស្ថិតនៅក្នុងចង្កោម នៃ​នីតិសាធារណៈ នេះជាទស្សនៈបែបចាស់បុរាណ ប៉ុន្តែបើផ្អែកលើទស្សនៈ​ បែបថ្មីគេមិន​ត្រឹមតែ​ចាត់ទុក​នីតិព្រហ្មទណ្ឌ ក្នុងចង្កោមនៃនីតិសាធារណៈប៉ុណ្ណោះទេ គេក៏ចាត់ទុកវាស្ថិតនៅក្នុងនីតិឯកជនផងដែរ។ តទៅនេះគេចាត់ទុកនីតិព្រហ្មទណ្ឌស្ថិតក្នុងចង្កោមនៃនីតិចំរុះ ពោសគឺនីតិព្រហ្មទណ្ឌស្ថិត​នៅចន្លោះ​នីតិសាធារណៈ និងនីតិឯកជន ពីព្រោះវាមានភារកិច្ចការពារសណ្ដាប់ធ្នាប់សង្គម ដោយផ្តន្ទាទោសជន​ល្មើស​ផង និងត្រូវគោរពសិទ្ធិសេរីភាពរបស់បុគ្គលផងដែរ។

ការថ្លឹងឲ្យស្មើរវាងផលប្រយោជន៍ទាំងសងខាង គឺផលប្រយោជន៍របស់រដ្ឋ ឬជាមួយផលប្រយោជន៍របស់ប្រជាពលរដ្ឋ ឬបុគ្គលជាជនល្មើស។

IIIមែកធាងនៃនីតិព្រហ្មទណ្ឌ

នីតិព្រហ្មទណ្ឌត្រូវបានចែកជា៣ សណ្ឋាន៖

នីតិព្រហ្មទណ្ឌទូទៅៈ ចែងអំពីគោលការណ៍ទូទៅ​​​​​​​​​​​​​​​​ដើម្បីកំណត់អំពីបទល្មើស កំណត់អំពីទោស និងរបៀបអនុវត្តទោស​។

នីតិវិធីព្រហ្មទណ្ឌៈ ចែងអំពីការចាត់តាំងអំណាចតុលាការ ជាជាន់ជាថ្នាក់ រៀបចំពិធី (របៀបរបបដើម្បីតម្រូវឲ្យសាលាជំរះក្តី គ្រប់ជាន់ថ្នាក់គោរពនិងប្រតិបត្តិតាម និងចែងអំពីគោលការណ៍ដែលត្រូវគោរពសិទ្ធិ និងសេរីភាពបុគ្គល ដូចជាការឃាត់ខ្លួន ការឃុំខ្លួន ព្រមទាំងរៀបចំពិធីផ្សេងៗទៀត ដើម្បីត្រូតពិនិត្យ ការអនុវត្តច្បាប់ដោយស្ថាប័នតុលាការ។

នីតិព្រហ្មទណ្ឌពិសេសៈ សិក្សាអំពីបទល្មើសព្រហ្មទណ្ឌនីមួយៗដើម្បីអនុវត្តគោលការណ៍នីតិព្រហ្មទណ្ឌទូទៅ ដូចជា ធាតុផ្សំនៃបទល្មើស និងការកំរិតទោសជាដើម។

IVទំនាក់ទំនងរវាងនីតិព្រហ្មទណ្ឌជាមួយវិទ្យាសាស្ត្រ ដ៏ទៃទៀត
            
វិទ្យាសាស្ត្រ សិក្សារកមូលហេតុដែលជំរុញឲ្យមានការប្រព្រឹត្តបទល្មើស និងសិក្សាអំពីចរិតលក្ខណៈរបស់ជនល្មើស ដែលគេឲ្យឈ្មោះថាឧក្រិដ្ឋវិទ្យា
            
វិទ្យាសាស្ត្រសិក្សាអំពីបចេ្ចកទេស ស្វែងរកជនប្រព្រឹត្តបទល្មើស និងកំណត់នូវកាលៈទេសៈ ពិតបា្រកដនៃការប្រព្រឹត្តបទល្មើស ដែលគេហៅថា ឧក្រិដ្ឋវិច័យ ដូចជាៈ
                       
-នីតិវិជ្ជសាស្ត្រ
-រកអត្តសញ្ញាណដោយពិនិត្យលើស្នាមម្រាមដៃ
            
វិទ្យាសាស្ត្រសិក្សាអំពីចិត្តសាស្ត្រ អាចផ្តល់នូវការពិចារណាយល់ដឹងឲ្យបានល្អិតល្អន់ លើបុគ្គល ប្រព្រឹត្តល្មើស ដែលគេឲ្យឈ្មោះថា ចិត្តវិទ្យា
            
វិទ្យាសាស្ត្រសិក្សាអំពីមនុស្ស និងអំពីសង្គមដែលនាំឲ្យគេថ្លឹងថ្លែងបានល្អត្រឹមត្រូវដែលគេហៅថា សង្គមវិទ្យា

Vចរិតនៃនីតិព្រហ្មទណ្ឌ
            
ជាទូទៅនៃនីតិព្រហ្មទណ្ឌ គឺជាការផ្តន្ទាទោសទៅលើជនល្មើស នៅពេលមានបទល្មើសមួយកើតទ្បើង។ ការដាក់ទោសនេះជាតំណាក់កាលមួយយ៉ាងសំខាន់ គឺត្រូវផ្អែកលើមូលដ្ឋាននៃពិរុទ្ធភាពរបស់ជនល្មើស និងកំរិតគ្រោះថ្នាក់ដល់សង្គមនៃអំពើល្មើសនោះ។ ប្រសិនបើកំរិតគ្រោះថា្នក់ដល់សង្គមនោះមានទំហំធំធេងទណ្ឌកម្មក៏ធ្ងន់ធ្ងរ ទៅតាមនោះដែរ។ ផ្ទុយទៅវិញ បើទំហំនៃការខូចខាតតិចតួចស្តួចស្តើងទេនោះ ទណ្ឌកម្មក៏ស្រាលទៅតាមនោះដែរ។
            
ចរិតនៃនីតិព្រហ្មទណ្ឌ តែងតែផ្តន្ទាទោសទៅលើជនល្មើស នូវទណ្ឌកម្មពីរប្រភេទៈ
            
ទណ្ឌកម្មព្រហ្មទណ្ឌ
            
គឺជាការសម្រេចដាក់ទណ្ឌកម្មដោយស្ថាប័នតុលាការ តាមរូបភាពជាសាលក្រម ដោយយក​ទណ្ឌិត ទៅដាក់ពន្ធនាគារ តាមការបញ្ញាត្តិរបស់ច្បាប់។
            
ឧទាហរណ៍ៈ មាត្រា៣៤ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល ចុះថ្ងៃទី១០ កញ្ញា១៩៩២ បានបញ្ញត្តិថាអំពើប្លន់ត្រូវផ្តន្ទាទោស ដាក់គុកជាបទឧក្រិដ្ឋ ពី ៣ឆ្នាំទៅ១០ឆ្នាំ។
            
-អំពើមនុស្សឃាតដោយចេតនា មាត្រា៣២ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល បានបញ្ញត្តិថា អំពើនេះ​ ត្រូវផ្តន្ទាទោសពីបទឧក្រិដ្ឋ ដាក់គុកពី ៨ឆ្នាំទៅ១៥ឆ្នាំ។
-អំពើរំលោភសេពសនវៈ មាត្រា៣៣ នៃច្បាប់ដដែល បានបញ្ញត្តិថា អំពើនេះត្រូវផ្តន្ទាទោស ដាក់គុកពី ៥ឆ្នាំទៅ ១០ឆ្នាំ។ ក្នុងករណី ដែលមានស្ថានទម្ងន់ទោសដាក់គុកជាបទឧក្រិដ្ឋ ពី១០ឆ្នាំ ទៅ១៥ឆ្នាំ
            
ទណ្ឌកម្មបវេណី      
            
គឺជាប្រភេទទណ្ឌកម្មមួយដែលច្បាប់ចាប់បង្ខំជនល្មើសឲ្យធ្វើសំណងជួសជុលការខូចខាត ដល់ប្រយោជន៍អ្នកដ៏ទៃ។ ឧទាហរណ៍ៈ ករណីចោរលួចម៉ូតូម្ចាស់ម៉ូតូដែលជាជនរងគ្រោះមានសិទ្ធិទាមទារម៉ូតូរបស់ខ្លួនមកវិញ ព្រមទាំងសំណងជំងឺចិត្តទៀតផង។
            
សរុបសេចក្តីមកចរិតនៃនីតិព្រហ្មទណ្ឌបានផ្តន្ទាទោសលើជនល្មើស នូវទណ្ឌកម្មព្រហ្មទណ្ឌផងនិងទណ្ឌកម្មរដ្ឋប្បវេណីផង នោះជាការត្រឹមត្រូវណាស់ពីព្រោះការធ្វើដូចនេះអាចធ្វើឲ្យជនល្មើសខ្លាចរអា។ ពោលនៅពេលដែលគេប្រព្រឹត្តបទល្មើស គេត្រូវទទួលការខាតបង់ប្រយោជន៍យ៉ាងច្រើន។ ដូចជាគេត្រូវជាប់ពន្ធនាគារមិនបានប្រកបអាជីវកម្ម ចិញ្ចឹមគ្រួសារផង ព្រមទាំងត្រូវបង់សំណងដល់ជនរងគ្រោះទៀត។ ផ្ទុយទៅវិញប្រសិនបើច្បាប់គ្រាន់តែតម្រូវឲ្យដាក់ពន្ធនាគារមួយមុខនោះ ជនល្មើសមិនសូវមានការភ័យក្លាចទេ ដូចជាករណីលួចលុយរដ្ឋ ចំនួនច្រើន បើតុលាការគ្រាន់តែដាក់ពន្ធនាគារ ក្រោយពីទទួលទោសគ្រប់ចំនួនហើយ ជននោះនឹងក្លាយទៅជាអ្នកមានដោយសារប្រាក់ចំនួនដ៏ច្រើន​ ដែលខ្លួនបានលួចសម្បត្តិរដ្ឋ។ ប៉ុន្តែ ប្រសិនបើគ្រាន់តែផ្តន្ទាទោសនូវសំណងរដ្ឋប្បវេណីនោះ ជនល្មើសរិតតែមិនខ្លាចរអាទៅទៀត ពីព្រោះនៅពេលដែលគេទាន់គ្រាន់តែសងចំនួនទឹកប្រាក់នោះវិញជាការស្រេច។    

VIការបង្ហាញនូវរចនាសម្ព័ន្ធនានា របស់សាលាជំរះក្តីព្រហ្មទណ្ឌ
            
នៅពេលមានបទល្មើសមួយកើតទ្បើង ជនល្មើសនឹងត្រូវគេផ្តន្ទាទោសដាក់ ពន្ធនាគារ ប៉ុន្តែនឹងទទួលទោសនេះ ត្រូវឆ្លងកាត់អង្គការតុលាការ តាមលំដាប់លំដោយ ដូចមានចែងក្នុងច្បាប់ស្តីពីប្រព័ន្ធតុលាការ ច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ សម្រាប់អនុវត្តក្នុងសម័យអន្តរកាល​ ចុះថ្ងៃទី១០ កញ្ញា១៩៩២។ ច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ ចុះថ្ងៃទី២៩ មករា ១៩៩៣ និងច្បាប់ស្តីពីការចាត់តាំង​ និងសកម្មភាពរបស់សាលាជំរះក្តី នៃរដ្ឋកម្ពុជា ចុះថ្ងៃទី២៩ មករា១៩៩៣ រូមមាន៖
            -អយ្យការ
            -ចៅក្រមស៊ើបអង្កេត ឬសុភាចាបុរស
            -តុលាការខេត្ត-រាជធានីផ្នែកអាជ្ញា
            -សាលាឧទ្ធរណ៍ ផ្នែកអាជ្ញា
            -តុលាការកំពូល ផ្នែកអាជ្ញា និងរូមក្រុម
ប៉ុន្តែ សេចក្តីព្រាងច្បាប់ថ្មីដែលទាក់ទងទៅនឹងការរៀបចំតុលាការ និងនីតិព្រហ្មទណ្ឌមានបន្ថែមនូវអង្គការតុលាការខ្លះៗទៀត ទៅក្នុងទំរង់អង្គការតុលាការដែលមានរួចមកហើយ គឺ៖
            -សាលានីតិកម្មស៊ើបសួរ
            -សភានីតិកម្មស៊ើបសួរ
            -តុលាការឧក្រិដ្ឋជាន់ដំបូង
            
អំពីអយ្យការ
            
នៅអមសាលាក្តីគ្រប់ជាន់ថ្នាក់រួមមានតុលាការខេត្ត-រាជធានី តុលាការយោធា សាលាឧទ្ធរណ៍ តុលាការកំពូល តែងតែមានអយ្យការ ឬមហាអយ្យការមួយជានិច្ច្ ដែលជាអ្នកមានសិទ្ធិធើ្វបណ្តឹងអាជ្ញា​(មាត្រា១១២ នៃរដ្ឋធម្មនុញ្ញ ចុះថ្ងៃទី២៤ កញ្ញា ១៩៩៣ អង្គការអយ្យការនេះមានភារកិច្ចស្វែរកជនល្មើសប្រមូលភស្តុតាងចោទប្រកាន់ជនល្មើស បញ្ជូនជនល្មើសទៅតុលាការកាត់ទោសនិងតាមដានការអនុវត្តសាលក្រមរបស់តុលាការ។
            
ក. ក្នុងការស្វែងរកជាបឋម និងប្រមូលភស្តុតាង អយ្យការទទួលជំនួយពីមន្ត្រីនគរបាលយុត្តិធម៌​ដែលមានចែងក្នុងមាត្រា៣ វក្យខណ្ឌទី២ នៃច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ ចុះថ្ងៃទី២៤ កក្តដា​ ២០០៧ រួមមាន៖ “ព្រះរាជអាជ្ញាអាចប្រើប្រាស់អំណាចទាំងអស់ដែលក្រមនេះបានទទួលស្គាល់ ឲ្យដល់​មន្រ្តីនគរបាលយុត្តិធម៌ក្នុងការស៊ើបអង្កេត។” និងមាត្រា៣៦ នៃច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ ចុះថ្ងៃទី២៩ មករា ១៩៩៣ រួមមាន៖
 
-ប្រធាន និងអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នឹងសេដ្ឋកិច្ច
-ប្រធាន និងអនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម
-ស្នងការ និងស្នងការរងនគរបាលខេត្ត-ក្រុង
-ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌ និងសេដ្ឋកិច្ច
-ប្រធានការិយាល័យប្រឆាំងភេរវកម្ម                         
-ប្រធានការិយាល័យនគរបាលសន្តិសុខ
-អធិការ និងអធិការរងនគរបាលនយោបាយស្រុក ទីរួមខេត្ត
-ប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាល
-ប្រធានការិយាល័យនគរបាលចរាចរណ៍ និងប្រធានផ្នែកបទល្មើសចរាចរណ៍
-កងរាជអាវុធហត្ថ
-មន្រ្តីនគរបាលព្រំដែន
-មន្ត្រីរុក្ខាប្រមាញ់ និងនេសាទ
ទាំងអស់នេះ គឺជាមន្រ្តីនគរបាលយុត្តិធម៌
            
នៅពេលសវនាការរបស់តុលាការព្រហ្មទណ្ឌ អយ្យការ ជាគូក្តីដើម។ក្នុងន័យនេះ អយ្យការជាអ្នកចោទប្រកាន់ វែកញែក អំពើប្រព្រឹត្តរបស់ជនល្មើសចង្អុលបង្ហាញភស្តុតាង ដើម្បីបញ្ជាក់អំពីពិរុទ្ធភាពលើជនល្មើស ហើយសុំឲ្យតុលាការធ្វើការផ្តន្ទាទោសលើជនល្មើស។
            
បន្ទាប់ពីមានសេចក្តីសម្រេចផ្សេងៗរបស់ចៅក្រម ដូចជាក្នុងរឿងអាជ្ញា ដូចជាដីការចាប់ខ្លួនដីការឃុំខ្លួន ដីការឲ្យទៅនៅក្រៅឃុំបណ្តោះអាសន្នសាលក្រមដែលត្រូវអនុវត្តទោសគុក ក្នុងពន្ធនាគារឬអនុវត្តធនទ័ណ្ឌនោះ អយ្យការត្រូវតែតាមដានត្រួតពិនិត្យ ការអនុវត្តសេចក្តីសម្រេចទាំងនោះឲ្យបានត្រឹមត្រូវ។
            
សព្វថ្ងៃនេះ នៅអមតុលាការខេត្ត-ក្រុង តំណាងអយ្យការ គេហៅថា ព្រះរាជអាជ្ញ នៅអមសាលាឧទ្ធរណ៍ (មានតែនៅរាជធានីភ្នំពេញទេតំណាងមហាអយ្យការនោះ គេហៅថា អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ចំណែកឯមហាអយ្យការអមតុលាការកំពូល គេហៅថា អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល
            
ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញាទាំងអស់នេះ ស្ថិតនៅក្នុងឋានានុក្រមតែមួយ គាត់ពុំមែនជាចៅក្រមជំនុំជំរះទេ ប៉ុន្តែក្នុងការជំនុំជំរះនេះតំណាងអយ្យការ ត្រូវចូលរួមដើម្បីចោទប្រកាន់ ពិរុទ្ធជននិងសុំឲ្យតុលាការដាក់ទោសបើពុំនោះទេ តុលាការពុំអាចជំនុំជំរះ ឬកាត់ទោសជនល្មើសបានទ្បើយ។
            
ចៅក្រមស៊ើបអង្កេត
            
មាត្រា៤១ នៃច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ ចុះថ្ងៃទី២៩ មករា ១៩៩៣បានចែងអំពីកំណត់ហេតុទាំងទ្បាយរបស់នគរបាលយុត្តិធម៌ គ្រាន់តែចាត់ទុកជាសេចក្តីផ្តើមភស្តុតាង ឬជាពត៌មានប៉ុណ្ណោះ ពុំមានលក្ខណៈបង្ខំឲ្យចៅក្រមត្រូវតែជឿទាំងស្រុងនោះទេ។ ហេតុនេះ ហើយបានជាគេឃើញមាននៅជំពូកទី៥ចាប់ពីមាត្រា៦៨ ដល់៩៥ គេចែងអំពីអំណាចស៊ើបអង្កេតរបស់ចៅក្រមស៊ើបដែលមានក្រលាបញ្ជីម្នាក់ នៅអមជាមួយផង មានសមត្ថកិច្ចក្នុងដែនដី រង្វង់សមត្ថកិច្ចរបស់តុលាការដែលខ្លួនបំពេញការងារតែប៉ុណ្ណោះ ចំពោះគ្រប់រឿងប្រភេទមជ្ឈឹម និងឧក្រិដ្ឋទាំងអស់ដែលអយ្យការបានបញ្ជូនដីការសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ដោយគេយល់ឃើញថា ការងារស៊ើបអង្កេតជាការងារចាំបាច់និងដើម្បីជៀសវាងការភ័ន្តច្រទ្បំនានា។
            
ច្បាប់ស្តីពីនីតិវិធី តម្រូវឲ្យមានចៅក្រមស៊ើបអង្កេត ពីព្រោះចៅក្រមស៊ើបអង្កេតនេះជាអ្នកបច្ចេកទេសដែលត្រូវតែគោរព និងអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវមានឯករាជ្យភាពពេញលេញក្នុងតួនាទី អាចធានាអព្យាក្រឹត្យ និងគោរពសិទ្ធិសេរីភាពរបស់បុគ្គលបាន។ នៅតុលាការខេត្ត-រាជធានីនីមួយៗ ចៅក្រមស៊ើបអង្កេតអាចមានច្រើននាក់ទៅតាមរឿងក្តីនៃបទល្មើសអាជ្ញា។

៣. តុលាការជាន់ទាប
            
តុលាការជាន់ទាប ជាសាលាជំរះក្តីថ្នាក់ដំបូង ដែលតាំងនៅគ្រប់ខេត្ត-ក្រុង នៃព្រះរាជាណាចក្រកម្ពុជា និងសាលាជំរះក្តីយោធា។
            
ក. តុលាការខេត្ត-ក្រុង (សាលាដំបូង)
            
តុលាការនេះមាននៅគ្រប់ខេត្ត-ក្រុង ទាំងអស់ហើយមានតួនាទី និងសមត្ថកិច្ចជំរះ​​ក្តីលើបញ្ហា​ទាំងទ្បាយ​ណាដែលទាក់ទងនឹងរឿងព្រហ្មទណ្ឌ រឿងរដ្ឋប្បវេណី រឿងក្តីពាណិជ្ជកម្ម វិវាទរដ្ឋបាល និងវិវា​ទ​ការងារដោយបើកផ្លូវឧទ្ធរណ៍។ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ​ នៃព្រះរាជា​ណា​ចក្រកម្ពុជា មាត្រា១២៨ ថ្មី វក្យខណ្ឌទី៣ “អំណាចតុលាការគ្របដណ្តប់ទៅលើរឿងក្តីទាំងអស់រួមទាំង​រឿងក្តីរដ្ឋបាលផងដែរ។”
            
តុលាការខេត្ត-ក្រុងជំនុំជំរះដោយមានចៅក្រមម្នាក់ និងត្រូវបំពេញដោយព្រះរាជអាជ្ញា ឬព្រះរាជ​អាជ្ញារងម្នាក់​ និងក្រលាបញ្ជីម្នាក់។ សាលក្រមសម្រេចសេចក្តីចំពោះមុខរបស់តុលាការខេត្ត-ក្រុង បើផ្លូវប្តឹងឧទ្ធរណ៍ក្នុងរយៈពេល ២ខែ គិតពីថ្ងៃកាត់សេចក្តី។ ឯសាលក្រកំបាំង​​មុខបើកឲ្យ​ប្តឹង​ជំទាស់​ក្នុង​រយៈ​ពេល ១៥ថ្ងៃ គិតចាប់ថ្ងៃទទួលដំណឹង។ បើផុតរយៈពេលប្តឹងទាស់ អាចប្តឹងឧទ្ធរណ៍​បាន​ក្នុងរយៈពេល ២ខែ គិតចាប់តាំងពីថ្ងៃផុតកំណត់ប្តឹងទាស់។
            
បណ្តឹងឧទ្ធរណ៍ មានសុពលភាពផ្អាកជាបណ្តោះអាសន្ននូវការអនុវត្តសាលក្រម ដែលបណ្តឹងនេះត្រូវ​ធ្វើនៅសាលាជំរះក្តីដែលបានចេញសាលក្រមនោះ។ អ្នកដែលមានសិទ្ធិប្តឹងឧទ្ធរណ៍ ប្តឹងជំទាស់ គឺ ព្រះរាជអាជ្ញា ឬជនទាំងទ្បាយដែលមានប្រយោជន៍ក្នុងរឿងក្តី ដូចជា គូរក្តី ដើមបណ្តឹងរដ្ឋប្បវេណី ជនជាប់ចោទ មេធាវី ឬអ្នកការពារក្តី។
           
 ខ. តុលាការយោធា
            
តុលាការយោធា មានសមត្ថកិច្ចជំនុំជំរះនូវបទល្មើសយោធា។ បទល្មើសយោធា ជាបទល្មើសដែលប្រព្រឹត្តដោយយោធិននៅក្នុងជួរកងទ័ព ឬប៉ះពាល់ដល់ទ្រព្យសម្បត្តិកងកំលាំងប្រដាប់ អាវុធ។ ករណីយោធិនប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌសាមញ្ញត្រូវ តុលាការខេត្ត-ក្រុងជំនុំជំរះ។
            
នីតិវិធីនៃការប្តឹងឧទ្ធរណ៍ និងនីតិវិធីជំនុំជំរះរបស់តុលាការយោធា ដូចគ្នានឹងតុលាការ​ ខេត្ត-ក្រុង។
            
៤. តុលាការជាន់ខ្ពស់
            
តុលាការជាន់ខ្ពស់ មានតុលាការឧទ្ធរណ៍ និងតុលាការកំពូល។
            
ក. សាលាឧទ្ធរណ៍
            
សាលាឧទ្ធរណ៍ មានសមត្ថកិច្ចជំនុំជំរះលើបណ្តឹងឧទ្ធរណ៍ អំពីសាលក្រមរបស់តុលាការជាន់ទាប​ ដោយបើកផ្លូវឲ្យបណ្តឹងសាទុក្ខ។
            
ការជំនុំជំរះនៅសាលាឧទ្ធរណ៍ ត្រូវមានចៅក្រម ៣នាក់ ដែលមានម្នាក់ជាប្រធាន ហើយអមដោយ​​​អគ្គព្រះរាជអាជ្ញា ឬអគ្គព្រះរាជអាជ្ញារង ឬព្រះរាជអាជ្ញាម្នាក់នៃមហាអយ្យការ និងក្រទ្បាបញ្ជីម្នាក់។
            
ករណីមានការជំនុំជំរះសាជាថ្មី ចៅក្រមដែលបានជំនុំជំរះលើកមុនទាំង ៣រូប ត្រូវធ្វើការផ្លាស់ប្តូរថ្មី។
            
ករណីមានការជំនុំជំរះសាជាថ្មី ចៅក្រមដែលបានជំនុំជំរះលើកមុនអាចប្តឹងសារទុក្ខបានរយៈពេល ២ខែ គិតចាប់ពីថ្ងៃកាត់សេចក្តី ឯសាលដីកាកំបាំងមុខអាចប្តឹងជំទាស់បានក្នុងរយៈពេល ១៥ថ្ងៃ គិតពីថ្ងៃទទួលដំណឹង។
            
បើផុតរយៈពេលប្តឹងទាស់អាចប្តឹងសារទុក្ខបានក្នុងរយៈពេល ២ខែ គិតចាប់ពីថ្ងៃផុត​កំណត់​​ប្តឹងជំទាស់។ បណ្តឹងសារទុក្ខអាចមានសុពលភាពផ្អាក​ជាបណ្តោះអាសន្ននូវ​ការអនុវត្ត​សាលដីកា​ររបស់​ សាលាឧទ្ធរណ៍ ប៉ុន្តែបណ្តឹងសារទុក្ខ​ដែលពាក់ព័ន្ធ​ដល់ការឃុំខ្លួន​ជា​បណ្តោះអាសន្ន ការដាក់ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ការតំកល់រឿងទុកមិនចាត់ការ និង​ការលើកលែង​ចោទប្រកាន់ ពុំមានអានុភាពផ្អាកការអនុវត្តសាលដីកាសាលាឧទ្ធរណ៍ ទ្បើយ។ បណ្តឹងសារទុក្ខត្រូវធ្វើនៅសាលាជំនុំជំរះ​ក្តីដែលបាន​ចេញ​សាលដីការនេះ។ អ្នកដែលមានសិទ្ធិ​ប្តឹង​សារទុក្ខ និងប្តឹងជំទាស់ គឺ អគ្គព្រះរាជ​អាជ្ញា​សាលាឧទ្ធរណ៍ ឬអ្នកដែលមាន​ប្រយោជន៍​ក្នុង​រឿងក្តី ដូចបានរៀបរាប់នៅក្នុង តុលាការខេត្ត-ក្រុង។
            
ខ. តុលាការកំពូល
            
តុលាការកំពូល ជំនុំជំរះលើបណ្តឹងសារទុក្ខ អំពីសាលដីការរបស់តុលាការសាលាឧទ្ធរណ៍​​ដោយជំនុំ​ជំរះតែលើអង្គហេតុទេ ដែលដំណាក់កាលនេះមានចៅក្រមចំនួន ៥រូប ហើយ​ ១រូបជាប្រធាន។
            
ករណីដែលមានបណ្តឹងសារទុក្ខទីពីរ តុលាការកំពូលត្រូវជំនុំជំរះរួមក្រុម ដោយជំនុំជំរះទាំង​អង្គហេតុ និងអង្គច្បាប់ មានចៅក្រមចំនួន ៩រូប ដែលមាន ១រូបជាប្រធាន និងគ្រប់ដំណាក់​កាលជំនុំជំរះអមដោយ​អគ្គព្រះរាជអាជ្ញា ឬអគ្គព្រះរាជអាជ្ញារង និង​ក្រលាបញ្ជីម្នាក់។
            
បណ្តឹងសើរើ អាចធ្វើបានចំពោះសាលក្រម ឬសាលដីការស្ថាពរដែលមានអំណាចដាច់ខាតហើយ បណ្តឹងធ្វើបានក្នុងរឿងមជ្ឈឹម និងរឿងឧក្រិដ្ឋ និងក្នុងករណីមួយចំនួនដែលមានចែងក្នុង​ច្បាប់។ បណ្តឹងសើរើ​មិនអាចធ្វើទេ ចំពោះសាលក្រម ឬសាលដីការ​ដែលសំរេច​ឲ្យ​រួច​ខ្លួន។ អ្នកដែលអាចបណ្តឹងសើរើបានគឺ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជនជាប់ចោទ ឬតំណាងស្រប​ច្បាប់​របស់ជនជាប់ចោទ សហព័ន្ធ ឪពុកម្តាយ កូនរបស់ជនជាប់ចោទ និយាយរួមជនដែលមានប្រយោជន៍​ខាងផ្នែកសំភារៈ ឬខាងផ្លូវចិត្ត។

សន្និដ្ឋាន     

នីតិព្រហ្មទណ្ឌទូទៅ គឺជានីតិម៉្យាងដែលមានបំណងការពារសណ្ឋាប់ធ្នាប់សង្គម ​និងរបៀបរៀបរយរបស់រដ្ឋ ដោយប្រើនូវវិធានការផ្សេងៗដែលមានលក្ខណៈកែលំអរផង និងបង្ខិតបង្ខំផង។

ឯកសារយោង

រដ្ឋធម្មនុញ្ញ​ នៃព្រះរាជា​ណា​ចក្រកម្ពុជា
ច្បាប់ព្រហ្មទណ្ឌអន្តរកាល ចុះថ្ងៃទី១០ កញ្ញា១៩៩២
ច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ ចុះថ្ងៃទី២៩ មករា ១៩៩៣ 
និតិព្រហ្មទណ្ឌ សាស្ត្រាចារ្យ ហ៊ី សោភា
នីតិព្រហ្មទណ្ឌទូទៅ សាស្ត្រាចារ្យ ផាត់ ពៅស៊ាង

No comments:

Post a Comment